Sumaka Japhet ក្លាយជាសេដ្ឋីកសិកម្មនៅវ័យ២៩ឆ្នាំ ផ្តើមពីធ្វើស្រូវត្រឹម១ហិកតា
Cheng LykaAPRIL 19 2022697 views

យោងតាមសារព័ត៌មាន ifad បានឲ្យដឹងថាលោក Sumaka Japhet គឺជាអ្នកដាំដុះពូជស្រូវវ័យក្មេងនិងជាសហគ្រិនកសិកម្មវ័យក្មេង។ វ័យទើបតែ ២៩ ឆ្នាំ តែសហគ្រិនរូបនេះមានងារជាសេដ្ឋីកសិកម្មបាត់ទៅហើយ ចង់ដឹងទេថាមានរឿងអ្វីខ្លះដែលធ្វើឲ្យយុវជនវ័យកណ្តាលរូបនេះ ជោគជ័យខ្លាំងម្ល៉េះលើវិស័យកសិកម្ម។

បន្ទាប់ពីមានកេរ្តិ៍ល្បីសុះសាយ ក៏មានក្រុមអ្នកសារព័ត៌មាន មួយក្រុមបានចុះទៅរដ្ឋ Benue State ប្រទេស Nigeria ដើម្បីទៅសម្ភាសន៍លោក Sumaka Japhet។ ពេលដែលទៅដល់ទីតាំងចំការរបស់លោក Sumaka Japhet លោកក៏បាននិយាយប្រាប់ទៅអ្នកសារព័ត៌មានមួយក្រុមនោះដោយពាក្យសម្តីសាមញ្ញថា “ គ្មាននរណាគេជឿទេថា កូនកសិករ មានរូបរាងដូចជាខ្ញុំអាចក្លាយជាសេដ្ឋីបាន”។

ដើរបណ្តើរនិយាយបណ្តើរ លោកសេដ្ឋីវ័យក្មេងនេះក៏បានប្រាប់អ្នកសារព័ត៌មានខាងលើថា លោកកើតនៅក្នុងត្រកូលជាកសិករ និងធំឡើយក្នុងតំបន់ដាច់ស្រយាលមួយនេះ។ ឪពុករបស់លោកជាអ្នកធ្វើស្រែចំការ បែបប្រពៃណី ដើម្បីយកប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារ និងផ្តល់ឲ្យលោកសិក្សា។ ស្ថិតក្នុងវ័យជានិស្សិត លោក Sumaka Japhet តែងតែគិតថា ថ្ងៃណាមួយពេលដែលលោករៀនចប់លោកនឹងត្រឡប់ទៅធ្វើស្រែនៅឯស្រុកកំណើតវិញ ពីព្រោះជីវិតរបស់លោកតាំងពីកើតមកគឺលោកដិតដាមជាមួយនឹងស្រែចំការ ដូច្នេះហើយទោះជាលោកមានឱកាសទៅសិក្សានៅទីក្រុងក៏ពិតមែន ប៉ុន្តែលោកនឹងនាំចំណេះដឹងទាំងនោះមកអភិវឌ្ឍន៍ភូមិស្រុករបស់លោក។

នៅឆ្នាំ ២០១៧ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ លោក Sumaka Japhet ក៏បានទៅចូលរួមធ្វើការជាមួយគម្រោង Value Chain Development Programme ដែលគម្រោងនេះមានការគាំទ្រពី IFAD។ គោលបំណងធំដែលលោកសម្រេចចិត្តចូលទៅក្នុងគម្រោងមួយនេះ ពីព្រោះលោកចង់ដឹងព័ត៌មានបន្ថែមអំពីការធ្វើកសិកម្មកបែបទំនើប។ បន្ទាប់ពីបានចូលរួម គម្រោងមួយនេះបានផ្តល់នូវ ឧបករណ៍សម្រាប់បាញ់ថ្នាំ ថ្នាំសម្លាប់សត្វល្អិតមួយចំនួន និងគ្រាប់ពូជស្រូវ ដើម្បីឲ្យលោកយកមកផ្លាស់ប្តូរការដាំដុះនៅស្រុកកំណើត។

លោក Sumaka Japhet បានយកសម្ភារៈមួយចំនួនដែលទទួលបានពីការឧបត្ថម្ភរបស់គម្រោងដែលលោកបានចូលរួម យកមកអនុវត្តនៅលើដីស្រែរបស់លោក។ ជាលទ្ធផលក្នុងឆ្នាំទី ១ លោកប្រមូលផលស្រូវបានចំនួន ២.៥ តោន ពីដីមួយហិកតារបស់លោក ដែលចំនួននេះគឺជាចំនួនដែលច្រើនជាងឪពុករបស់លោកធ្វើរហូតដលើទៅ ៣ ដងេណោះ។ 

នៅឆ្នាំបន្ទាប់ កម្មវិធី Value Chain Development Programme ក៏បានអញ្ជើញលោកឲ្យចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យាម្តងទៀត ដែលវគ្គបណ្តុះបណ្តាលនោះមានរយៈពេល ៤ ខែ។ ក្រោយពីចូលរួមវគ្គបណ្តុះបណ្តាលក្រោយនេះមកលោក ក៏ចេះតែវិវត្តន៍ខ្លួនបន្តិចម្តងៗ រហូតលោកអាចមានសម្ថភាពបង្កាត់គ្រាប់ពូជស្រូវដែលមានគុណភាពល្អ និងបានលក់គ្រាប់ពូជចូលទៅទីផ្សារថែមទៀតផង។

នៅឆ្នាំ២០១៨ ដំណាំស្រូវរបស់លោកក៏បានរងនូវការបំផ្លិតបំផ្លាញពីសត្វល្អិតយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យលោកខាតបង់ថវិការទាំងស្រុង ប៉ុន្តែទោះជាជួបបញ្ហាក៏ដោយ ក៏លោកនូវតែពុះពា និងមិនបោះបង់ការតាំងចិត្តរបស់លោកឡើយ។ ការខិតខំរបស់លោកគឺទទួលបានជោគជ័យពិតប្រាកដមែនគឺនៅឆ្នាំ ២០១៩ លោកអាចបង្កើនផលស្រូវបានទ្វេដងគឺក្នុងមួយហិកតាបានផល ៣.៥ តោន វាជាចំនួនមួយដែលអ្នកភូមិរបស់លោកមិនធ្លាប់ធ្វើបាន នេះហើយជាហេតុដែលនាំឲ្យអ្នកភូមិរបស់លោកនាំគ្នាយកដីស្រែដែលខ្លួនមានមកវិនិយោគជាមួយលោកគ្រប់ៗគ្នា។

លោក Sumaka Japhet បាននិយាយថា សព្វថ្ងៃលោកកំពុងតែបើកអាជីវកម្មគ្រាប់ពូជដែលមានគុណភាពខ្ពស់ និងបន្តណែនាំឲ្យកសិករប្រើប្រាស់ពូជដែលមានគុណភាពខ្ពស់ ដើម្បីបង្កើនផលឲ្យកាន់តែច្រើន។

Seeds to Riches Baber

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបងប្អូនបានអានអំពីសាច់រឿងរបស់សេដ្ឋីរូបនេះ បងប្អូនប្រាកដជាគិតថា មិនមានអ្វីអស្ចារ្យប៉ុន្មានទេ គឺជារឿងធម្មតាៗ ប៉ុន្តែបើបងប្អូនងាកទៅពិនិត្យឲ្យបានច្បាស់ម្តងទៀតពីដំណើរដើមទងនៃការចាប់ផ្តើមរបស់គាត់ នៅក្នុងរឿងដែលបងប្អូនគិតថាធម្មតាវានឹងក្លាយទៅជារឿងអស្ចារ្យ ដូចជាសដ្ឋីរូបនេះគាត់ចាប់ផ្តើមធ្វើកសិកម្មតាំងពីមិនមានសូម្បីតែពូជសម្រាប់ធ្វើ។ ដំបូងគាត់បានទៅចូលរួចសិក្សាជាមួយគម្រោង IFAD របស់សហរដ្ឋអាមេរិក បន្ទាប់មកគាត់បានយកមកអនុវត្តន៍ រហូតបានជោគជ័យ។ ជោគជ័យមិនទាន់បានប៉ុន្មានផងគាត់ក៏បរាជ័យវិញ ប៉ុន្តែដោយគាត់មានឈាមជ័រជាអ្នកតស៊ូ មិនចុះចាញ់ឧបសគ្គងាយៗ ទើបធ្វើឲ្យគាត់ទទួលបានភាពជោគជ័យដ៏ធំមួយទៀតនោះគឺ គាត់អាចទាក់ទាញចិត្តអ្នកស្រុកភូមិរបស់គាត់ឲ្យមកដាក់ទុកដីស្រែវិនិយោគជាមួយគាត់ និងបានសាកទំនុកចិត្តដ៏ធំធេងឲ្យអ្នកភូមិទុកចិត្តចេញពីសមត្ថភាពរបស់គាត់ ទាំងអស់នេះហើយទើបធ្វើឲ្យគាត់ក្លាយជាសេដ្ឋីកសិកម្មទាំងនៅវ័យក្មេងល្ហក់៕

អត្ថបទដោយ៖ មឿន គន្ធា

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia